កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆមាសបន្ត

នៅរសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស  ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

(ភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆមាសបន្ត  និងចែកសៀវភៅអ្នកគូសវាសជោគវាសនាកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូននាយទាហាន នៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម នាយកប្រធានអង្គប្រជុំ បានធ្វើបទបង្ហាញអំពីសកម្មភាព និងវឌ្ឍនភាពថ្មីៗ នៃការកសាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ដែលស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ក្នុងរយះពេល ១០០ថ្ងៃមកនេះ ជូនអង្គប្រជុំផងដែរ។

ឯកឧត្តម នាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក និងអរគុណយ៉ាងក្រែលេងចំពោះនាយទាហានទាំងអស់ ដែលបានរួមគិត រួមធ្វើ និងចូលរួមអភិវឌ្ឍន៍ទាំងអស់គ្នាកន្លងមក។

ជាចុងក្រោយ ឯកឧត្តម នាយក បានដាក់ទិសដៅអនុវត្តន៍បន្តចំនួន៤ចំណុចមានដូចខាងក្រោម៖

១.បន្តកសាងផ្លូវដែលនៅសេសសល់ប្រមាណ ៧៥០ម នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ខេត្តពោធិសាត់។

២.ត្រៀមរៀបចំឯកសារពាក់ព័ន្ធ ដើម្បីរៀបចំផែនការមេសម្រាប់កសាង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តពោធិសាត់។

៣.ត្រៀមរៀបចំកសាងបណ្ណាល័យ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន អាននិងឈ្វែងយល់បន្ថែម ក្រៅពីការងារស្នូលរបស់អង្គភាព។

៤.រៀបចំបន្ទប់ប្រវត្តិសាស្រ្តយោធា សម្រាប់ផ្ទុកឯកសារប្រវត្តិនាយកដ្ឋាន និងប្រវត្តិថ្នាក់ដឹកនាំរបស់នាយកដ្ឋានក្នុងរយះពេល ១០ឆ្នាំកន្លងនេះ។