(ភ្នំពេញ)នៅព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នៅនាយកដ្នានអភិវឌ្ឍន៍ បានធ្វើពិធីបើកវគ្គបំប៉នគ្រូបង្គោល ជំនាញកសិកម្ម ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន មកពីបណ្តា នាយកដ្ឋាន យោធភូមិភាគ និងកងពល យោងតាមសច្ចាប័នលេខៈ០១២/ផ.ក ឆ្នាំ២០២៣។
ពិធីដ៏មហាប្រសើរនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អស់លោក ដែលអញ្ជើញមកពី នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ នាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក។
សម្រាប់ឆ្នាំ២០២៣នេះ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ទទួលបានសច្ចាប័នចំនួន ២វគ្គ ពីគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ៖
១. វគ្គបំប៉នគ្រូបង្គោលជំនាញកសិកម្ម ធ្វើការបណ្តុះបណ្តាលនៅ នាយកដ្ឋានអភិវឌ្ឍន៍ ដែលមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៨០នាក់ ដែលសិក្សារយៈពេល ៤ខែ។
២. វគ្គបំប៉នចំណេះដឹងមូលដ្ឋាន និងកសិកម្ម ដែលធ្វើការបណ្ដុះបណ្ដាលនៅ កងពលតូចលេខ៣១ យោធភូមិភាគទី៣ ដែលមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ១៤០នាក់ ដែលសិក្សារយៈពេល ២ខែ។
គោលបំណងក្នុងការហ្វឹកហ្វឺននេះ គឺផ្តល់ជំនាញអាជីពដល់យោធិន ដើម្បីឱ្យពួកគាត់មានជំនាញបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត ។ ក្រោយពេលបញ្ចប់វគ្គសិក្សា សិក្ខាកាមត្រូវយកចំណេះដឹងជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនដែលទទួលបាន ទៅអភិវឌ្ឍន៍តាមបណ្តាអង្គភាព និងពង្រីកសមត្ថភាពបន្ថែម។
ស្ថិតក្រោមការដឹកនាំបញ្ជាប្រកបដោយភាពវាងវៃ និងគំនិតគិតគូរដោយស្មារតីទទួលខុសត្រូវតាំងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលកាលនោះ ឯកឧត្តម ជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ហើយឯកឧត្តម ក៏ជាអ្នកស្ថាបនិកនាយកដ្ឋានអភិវឌ្ឍន៍ រហូតដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី ជានាយក នាយកដ្ឋានអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម នាយក បានខិតខំប្រឹងប្រែងរកប្រភពជំនួយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានាដើម្បីយកមកកសាងអង្គភាព។
ឯកឧត្តម នាយក បានមានមតិផ្តាំផ្ញើរដល់យោធាចារ្យ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលមានជួយបណ្តុះបណ្តាលដល់សិក្ខាកាម ហើយឯកឧត្តម ក៏បាននែនាំដល់សិក្ខាកាមដែលមកចូលរួមសិក្សា និងស្នាក់នៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យអោយបានល្អ និងចូលរួមធ្វើអនាម័យសំអាតកន្លែងស្នាក់នៅផងដែរ៕