ឯកឧត្តម អ៊ុក កោសា អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់អាគាររដ្ឋបាល ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីដ៏មហោឡារិកនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាល ខេត្តពោធិ៍សាត់។

គួររំលឹកផងដែរថា ក្រោយពីបង្កើត នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ នាឆ្នាំ២០១២  ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ បានធ្វើការសុំផ្ទេរដីទំហំ ៩៩០ហិកតា របស់កងពលតូចអន្តរាគមន៍លេខ១៤ តាមលិខិតលេខ៣២៩/២០១២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ និងលិខិតលេខ៩៧២/សណ២០១២ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ មកឱ្យ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិគ្រប់គ្រងបន្ត។ ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នទំហំដីនៅសល់ជាក់ស្តែងចំនួន៤០៤ហិកតា ក្រោយពីកាត់ឆ្វៀលជូន កងពលតូចអន្តរាគមន៍លេខ១៤ និងប្រជាពលរដ្ឋរស់នៅផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានអភិវឌ្ឍន៍ សូមប្តេជ្ញាចិត្តនឹងប្រឹងប្រែងថែរក្សារសមិទ្ធផលទាំងអស់នៅទីនេះ និងបន្តគន្លងវីរៈភាពដឹកនាំប្រកបដោយ គុណធម៌ សច្ចធម៌មិនលំអៀង កែច្នៃអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងកសាងសមិទ្ធផលនានាបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍ ផងនាយកដ្ឋានអភិវឌ្ឍន៍ផង ដៃគូយុទ្ធសាស្ត្រផង បុព្វហេតុកិត្យានុភាព និងវឌ្ឍនភាព នៃកងយោធពលខេមរភូមិន្ទផង និងការបម្រើសេវាប្រជាពលរដ្ឋដែលរស់នៅជុំវិញនេះផង។ ក្រៅពីទីតាំងអាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ ដែលកំពុងសាងសង់នេះ នាយកដ្ឋានអភិវឌ្ឍន៍ បាននឹងកំពុងតែរៀបចំផ្ទៃដីប្រមាណ ៨ហិកតា បន្ថែមទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមជ្ឈមណ្ឌលនេះមានតួនាទីសម្រាប់បើកវគ្គបណ្ដុះបណ្តាលជំនាញកសិកម្ម និងចំណេះដឹងមូលដ្ឋាន ជូនដល់អង្គភាពទ័ពទូទាំងកងយោធពលខេមរភូមិន្ទ ដែលជារៀងរាល់ឆ្នាំយើងធ្វើការបណ្ដុះបណ្ដាលយ៉ាងហោចណាស់ ៣០០នាក់។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍ក៏ដោយសារ ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តមគណៈអធិបតី បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ឯកឧត្តម នាយក នាយកដ្ឋានអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ កសាងអាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជុំវិញដែលមជ្ឈមណ្ឌលកាន់កាប់ ដែលថវិកាទាំងនោះបានមកពីការចូលរួមរបស់ សប្បុរសជននានា ហើយក៏មានការចូលរួមដោយស្ម័គ្រចិត្ដពី នាយទាហាន នាយទាហានរង ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានឧបត្ថម្ភថវិកាចំនួន ៣០.០០០ដុល្លារ សម្រាប់ សាងសង់អាគាររដ្ឋបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយ ឯកឧត្តមក៏បានប្រគល់ជូនលិខិតថ្លែងអំណរគុណជូនដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភក្នុងការកសាងអាគាររដ្ឋបាលនេះផងដែរ។ ហើយ ឯកឧត្តម ក៏បានចែកជូនប្រជាពលរដ្ឋចំនួន២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង១ផងដែរ។

ពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ភ្ញៀវជាតិ-អន្តរជាតិ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ចំនួន៣០០នាក់ផងដែរ៕