នៅថ្ងៃព្រហស្បត្តិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង បានអញ្ជើញចុះទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវាស់វែងកំណត់ព្រំដី សម្រាប់កសាងអាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងអាគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្នានអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងត្រៀមធ្វើពិធីបញ្ចុះបឋមសិលា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាពេលខាងមុខ។
ការចុះពិនិត្យនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៣ លទ្ធផលការងារទទួលបានល្អប្រសើរ ។ ឯកឧត្តម នាយក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងនាយទាហានដែលជាក្រុមការងារអមដំណើរ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងវាស់វែងរហូតទទួលបានលទ្ធផលល្អ។
ការកសាងអាគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ នេះឡើងគោលបំណងគឺ សម្រាប់នាយទាហានមានកន្លែងធ្វើការច្បាស់លាស់ មានកន្លែងសម្រាក និងសម្រាប់ធ្វើការសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ ហើយចំណែកការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ គឺសម្រាប់ធ្វើការបើកវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន និងជំនាញកសិកម្ម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាកងពល យោធភូមិភាគ និងនាយទាហានចូលនិវត្តន៍ ដើម្បីអោយពួកគាត់មានចំណេះ និងជំនាញ ដើម្បីយកទៅអភិវឌ្ឍន៍ក្នុងអង្គភាព និងគ្រួសារផងដែរ៕