(ស្រុកសាមគ្គីមុនីជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គមុនីជ័យ ខេត្តកំពង់ស្ពឺ ព្រមទាំងអស់លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា ចុះជួយឃុំយុទ្ធសាមគ្គី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅខ្លោងទ្វារ និងរបង សាលាបឋមសិក្សាព្រៃធំ និងពិធីចែកលិខិតថ្លែងអំណរគុណជូនសប្បុរសជន ស្ថិតក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គមុនីជ័យ ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឧដុង្គ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ។
ឯកឧត្ដម បណ្ឌិត បានរៀបរាប់ប្រវត្តិដ៏ជូរចត់ក្នុងរបបបីឆ្នាំ៨ខែម្ភៃថ្ងៃ (របបខ្មៅងងឹត) ដែលប្រជាជនកម្ពុជាតស៊ូរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ទាំងនេះគឺសុទ្ធសឹងតែបានគុណគណបក្សប្រជាជនកម្ពុជា (ថ្ងៃ ៧មករា ១៩៧៩) ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួយរំដោះប្រទេសជាតិអោយរួចផុតពីរបបខ្មៅងងឹតនេះ។
សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន ក៏ព្រោះប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ប្រជាជនរស់នៅដោយមានសិទ្ធិសេរីភាពពេញលេញ មានសុខដុមរមនាក្នុងក្រុមគ្រួសារ។
ឯកឧត្ដមបណ្ឌិត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមកសាងសាលាបឋមសិក្សានេះ ឱ្យបានរីកចម្រើនសម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រទាំងអស់គ្នា ដើម្បីក្រេបជញ្ជក់ចំណេះដឹងយកទៅបម្រើប្រទេសជាតិ និងសង្គមជាតិផងដែរ៕