ឯកឧត្តម អ៊ុក កោសា អញ្ចើញសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១២រោច  ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំនាយទាហាននៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរ សុខទុក្ខ និងជូនពរ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ (Tang Hao) នាយការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនប្រជាជន ចិន នាពេលខាងមុខនេះ ។

គោលបំណងក្នុងការជូនពរនេះគឺ ដេីម្បីរឹតចំណងសាមគ្គីភាពឲ្យកាន់តែរឹងមាំឡេីង និងទំនាក់ទំនងមិត្តភាពរវាង នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន សហប្រតិបត្តិការលើគ្រប់វិស័យ និងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ៕